
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២៦
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលលើកិច្ចការងារត្រៀមលក្ខណៈបច្ចេកទេស ផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំសោភ័ណភាពផ្សេងៗ សំដៅធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តប្រព្រឹត្តទៅដោយរលូន និងប្រកបដោយបរិយាកាសសប្បាយរីករាយ។ សូមបញ្ជាក់ថា ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ដ៏មានសក្តានុពល ខណៈដែលប្រជាពលរដ្ឋ និងកីឡាករទូកមកពីបណ្តាស្រុក/ក្រុងនានាកំពុងទន្ទឹងរង់ចាំទស្សនា៕











