
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃ ២៧វត្ត ទូទាំងស្រុកសំបូរ ខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃ ២៧វត្ត ទូទាំងស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា គ្រឿងឧបភោគ បរិភោគ ទេយ្យទាន និងបច្ច័យបួន ដល់ព្រះសង្ឃ ២៧វត្ត ទូទាំងសាលាអនុគណស្រុកសំបូរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងសហការី នៅវត្តព្រះវិហារធំសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទតែងតែនាំគ្នានាំយកជាសាដក អង្ករ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស មានរយៈពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ។










